ប្រធានគណៈកម្មការទីប្រាំ ទទួលបន្ទុកខាងកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា លោក សុន ឆ័យ បានឲ្យដឹងថា មានការចោទប្រកាន់ថា ខាងរដ្ឋាភិបាលមិនបានប្រើប្រាស់សេចក្ដីសម្រេចរបស់តុលាការយុត្តិធម៌ អន្តរជាតិ ក្រុងឡាអេ ដែលបានកាត់ឲ្យប្រទេសកម្ពុជា ឈ្នះក្ដីក្នុងការគ្រប់គ្រងប្រាសាទព្រះវិហារ ។
លោកបានមានប្រសាសន៍ទៀតថា ខាងគណៈកម្មការលោក ត្រូវការត្រួតពិនិត្យឯកសារនិងផែនទីប្រាសាទព្រះវិហារថ្មី ដែលរដ្ឋាភិបាលយល់ព្រមតាមភាគីថៃ ធ្វើការគូរដោយមិនបានយកតាមសេចក្ដីសម្រេចតុលាការក្រុងឡាអេ ហើយលោកក្រែងថា ប្រទេសកម្ពុជា អាចនឹងបាត់បង់ទឹកដីខ្លះ ។
លោក សុន ឆ័យ មានប្រសាសន៍ដូច្នេះថា ៖ «ខ្ញុំក្នុងនាមជា គណៈកម្មការការបរទេសនៃរដ្ឋសភា ហើយជាគណៈកម្មការដែលមានតួនាទីលើការងារផ្នែកព្រំដែនដែរនោះ យើងចង់បានឯកសារនិងផែនទីមក ដើម្បីយើងពិនិត្យមើលថាតើ អ្វីដែលរដ្ឋាភិបាលធ្វើនេះ វាត្រឹមត្រូវ ឬក៏ខុសយ៉ាងណា ដើម្បីខាងរដ្ឋសភាយើងដែលជានីតិបញ្ញត្តិមានលទ្ធភាពណែនាំទៅ រដ្ឋាភិបាល ក៏ដូចជាធ្វើការបញ្ជាក់ជាសាធារណៈនូវអ្វីដែលកើតមានកន្លងមកនេះ» ។
លោក សុន ឆ័យ បានមានប្រសាសន៍ផងដែរថា លោកនឹងអញ្ជើញឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីទីស្ដីការ គណៈរដ្ឋមន្ត្រី លោក សុខ អាន និងប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង មករដ្ឋសភាដើម្បីធ្វើការបកស្រាយពីការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នេះ ។
មន្ត្រីអ្នកនាំពាក្យរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា ប្រទេសកម្ពុជានិងប្រទេសថៃ នឹងមិនបាត់បង់ទឹកដីមួយចំអាមឡើយ ពីការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ។
លោកក៏បានបន្ថែមទៀតថា ការខ្លាចបាត់បង់ទឹកដីរបស់ប្រធានគណៈកម្មការទីប្រាំនៃរដ្ឋសភា គឺលោក សុន ឆ័យ គឺគ្រាន់តែកើតឡើងពីឥទ្ធិពលនៃសារព័ត៌មានតែប៉ុណ្ណោះ ហើយទាមទារឲ្យលោក សុន ឆ័យ ធ្វើការសិក្សាពីការងារជាក់ស្ដែងរបស់រដ្ឋាភិបាល ហើយលោកថា ខាងទីស្ដីការគណៈរដ្ឋមន្ត្រី បានផ្ញើឯកសារមួយច្បាប់ស្ដីពីដំណើរការនៃការដាក់បញ្ចូលប្រាសាទ ព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជូនលោក សុន ឆ័យ ដើម្បីត្រួតពិនិត្យមើលរួចហើយ ។
លោក ផៃ ស៊ីផាន មានប្រសាសន៍ដូច្នេះថា ៖ «តាមសម្ភាសន៍របស់ខ្ញុំ តាមវិទ្យុ តាមកាសែតទាំងអស់ហ្នឹង ខ្មែរអត់មានបាត់បង់ដីមួយចំអាម ហើយថៃក៏អត់មានបាត់បង់មួយចំអាមណាដែរ ហើយយើងខំពន្យល់ថា ផែនទីហ្នឹងមិនមែនជាផែនទីបែងចែកទឹកដីទេ ជាផែនទីរដ្ឋបាលក្នុងកិច្ចការដាក់ប្រាសាទព្រះវិហារក្នុងបញ្ជី បេតិកភណ្ឌពិភពលោក ហើយផែនទីហ្នឹងបង្ហាញពីបរិវេណនៃការគ្រប់គ្រងក្នុងន័យក្នុងវិស័យ វប្បធម៌សុទ្ធសាធ មិនមែនជាផែនទីព្រំដែនទេ» ។
លោក សុន ឆ័យ បានជម្រាបថា លោកមិនទាន់បានទទួលឯកសារនោះនៅឡើយទេ ហើយថា លោកនឹងធ្វើការត្រួតពិនិត្យឯកសារទាំងអស់នោះជាមួយនឹងអ្នកឯកទេស ។
គួរជម្រាបថា កាលពីថ្ងៃពុធម្សិលមិញ ពលរដ្ឋថៃរាប់ពាន់នាក់ បាននាំគ្នាតវ៉ានៅមុខក្រសួងការបរទេសថៃ ទាមទារឲ្យរដ្ឋាភិបាលពន្យល់ពីការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុង បញ្ជីបេតិកភណ្ឌពិភពលោក ។ ការតវ៉ានេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលថៃ បានយល់ព្រមលើផែនទីប្រាសាទព្រះវិហារថ្មី ដែលភាគីកម្ពុជាបានគូរ ។ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានប្រាប់អ្នកកាសែតថា ប្រទេសថៃមិនបានបាត់បង់ទឹកដីឡើយ ៕
2008-06-19
RFA
No comments:
Post a Comment