រឿងអង្គរវត្តក្នុងសតវត្សរ៍ទី ១៦ - ១៧
ហ្លួងនិពន្ធមន្រ្តី ញ៉ុក - ថែម
(ប្រែនឹងស្រង់ចេញអំពីសៀវភៅ Religieux ėlerins en - Terre d'Asie
របស់លោក Victor Goloubew សមាជិកសាលាបារាំងសែសចុងបូព៌ាប្រទេស ។ )
សេចក្ដីផ្ដើម
រឿងរ៉ាវឬប្រវត្តិសាវតាររបស់ព្រះរាជវាំងបុរាណរង្គធំក្ដី អង្គរវត្តក្ដីប្រាសាទបុរាណនានានៅក្នុងកម្លុងស្រុកខ្មែរដទៃ ៗ ទៀតក្ដី នោះអស់លោកអ្នកប្រាជ្ញបានពោលពណ៌នាមកជាច្រើនណាស់ហើយ ក៏នៅតែមិនចេះអស់មិនចេះហើយ ហាក់ដូចជាបុរាណវត្ថុទាំងនោះ ប្រកបដោយការកំបាំងអស្ចារ្យចំឡែកណាស់ ។ ចុះហេតុអ្វីបានជាដូច្នេះ ? យើងយល់ថា ព្រោះពួកបុព្វបុរសរបស់ខ្មែរយើងក្នុងសម័យព្រេងនាយនោះមិនបានកត់ ត្រាចារឹករឿងរ៉ាវនៃការកសាងប្រាសាទទាំងឡាយទុកមកឡើយ បើទុកជាមានសិលាចារឹកជាគ្រឿងបញ្ជាក់ខ្លះ ក៏មិនបានការសព្វគ្រប់តាមបំណងរបស់យើង ហើយសិលាចារឹកទាំងនោះសោតទៀតច្រើនតែកើតក្រោយកំណើតប្រាសាទជា ច្រើនតំណអាយុមនុស្សផង មានឧទាហរណ៍ដូចជាពួកសិលាចារឹកនៅប្រាសាទអង្គរវត្ត ដែលអ្នកប្រាជ្ញទុកដាក់ថាជាចារឹកជាន់ថ្មីនោះសឹងកើតក្រោយកំណើត ប្រាសាទជាច្រើនសតវត្សរ៍ណាស់ ។ បើជួនជាមានសំណៅរឿងរ៉ាវចាស់ ៗ សេសសល់ដល់មកឥឡូវនេះខ្លះ រឿងទាំងនោះ ច្រើនតែមានសេចក្ដីដំណាលជារឿងព្រេង ដូចជាល្បើកអង្គរវត្តជាដើម ។
ហេតុនេះហើយបានជារឿងរ៉ាវប្រាសាទបុរាណទាំងឡាយក្នុងកម្លុងកម្ពុជ រដ្ឋនេះ ពួកអ្នកប្រាជ្ញមិនអាចនិយាយសម្រេចឲ្យជាការដាច់ស្រេចបានឡើយ ហើយចេះតែមានយោបល់យល់ប្លែក ៗ គ្នាជាដរាប ដូចរឿងប្រាសាទបាយ័នជាដើម ទើបក្លាយទៅជារឿងនិយាយមិនចប់រហូតមកដល់សព្វថ្ងៃនេះ ។
ឯគោលចារឹកខាងពង្សាវតារ ឬទំនៀមទម្លាប់របស់ខ្មែរយើងក្នុងសម័យព្រេងនាយនោះ អ្នកប្រាជ្ញច្រើនរកបានមកអំពីប្រទេសក្រៅទៅវិញ ដូចជាសេចក្ដីរាយការ របស់អ្នកដំណើរជាតិចិនម្នាក់ឈ្មោះចៀវតាកួន ដែលបានចូលមកមើលអង្គរក្នុងសតវត្សរ៍ទី ១៣ ដូចយើងបានប្រែចុះផ្សាយរួចមកហើយ ក្នុងទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំទី ១៦ គ្រិស្តសករាជ ១៩៤៤ តាំងអំពី លេខ ១ រៀងទៅ ។
ចំពោះរឿងអង្គរវត្ត ក្នុងសតវត្សរ៍ទី ១៦ - ១៧ ដែលមានសេចក្ដីពណ៌នាតទៅខាងក្រោយនេះ ក៏សុទ្ធតែជារឿងរ៉ាវដែលលោកអ្នកប្រាជ្ញបានប្រមូលរួបរួមចារឹក ខាងពង្សាវតារ នឹងសេចក្ដីកត់ត្រាផ្សេង ៗ របស់នានាជាតិ ព្រមទាំងគោលចារឹកខាងសិលាចារឹក ដែលមាននៅក្នុងប្រាសាទអង្គរវត្តនោះខ្លះផង ។ យើងមានសង្ឃឹមថា រឿងរ៉ាវនៃប្រាសាទអង្គរវត្ត ដែលអ្នកប្រាជ្ញបានរួបរួមរៀបរៀងឡើងនេះ នឹងមានជាប្រយោជន៍នឹងជាគ្រឿងប្រដាប់សតិបញ្ញា របស់អ្នកមើលទស្សនាវដ្ដីកម្ពុជសុរិយានេះបានខ្លះជាពុំខាន ព្រោះរឿងរ៉ាវជាគោលចារឹកផ្សេង ៗ របស់អ្នកថ្មើរទេសដេលបានចូលមកមើលប្រាសាទអង្គរវត្ត ហើយបានកត់ត្រាជាភាសារបស់គេ ក្នុងរវាងពីរសតវត្សរ៍មកនោះ ខ្មែរយើងមិនងាយនឹងទៅរួបរួមប្រែហើយរៀបរៀងទុក សម្រាប់មើលជាផ្លូវគំនិត ដូចជាពួកអស់លោកអ្នកប្រាជ្ញនៅសាលាបារាំងសែស ចុងបូព៌ាប្រទេសនោះឡើយ។
មួយវិញទៀត សូមអស់លោក - អ្នកគិតមើលចុះ ! តាំងពីពាក់កណ្ដាលសតវត្សរ៍មុននេះឡើងទៅប្រាសាទអង្គរវត្តក្ដី ប្រាសាទអង្គរធំក្ដីប្រាសាទឯទៀតៗ ក្ដី មានតែព្រៃព្រឹក្សាដុះទ្រុបទ្រុល ជាលំនៅរបស់ពួកសត្វយង់ឃ្នង មានខ្លា, ដំរី , ឆ្កែព្រៃជាដើម ។ មុននឹងគេចូលទៅមើលប្រាសាទនិមួយ ៗ គេតោងតែកាប់ឆ្កាព្រៃត្រាយផ្លូវ អស់វេលាជាច្រើនថ្ងៃ ទើបចូលទៅមើលប្រាសាទទាំងនោះបាន ហើយតោងតែមានអាវុធសម្រាប់បង្ការអន្តរាយផ្សេង ៗ ផង ។ ដល់មកសម័យសព្វថ្ងៃនេះ ពួកអ្នកថ្មើរទេស , នៅស្រុកអាយនេះក្ដី នៅនានាប្រទេសក្ដី អាចធ្វើដំណើរទៅមើលប្រាសាទទាំងនោះបានដោយស្រួល មិនបាច់ព្រួយបារម្ភខ្លាចភ័យអន្តរាយអំពីសត្វសាហាវ ព្រោះសត្វទាំងនោះ រត់ខ្ចាត់ខ្ចាយទៅឆ្ងាយពីបុរាណដ្ឋានអស់ហើយ, មិនបាច់ព្រួយនឹងកាប់ឆ្កាព្រៃព្រោះមានផ្លូវថ្នល់ខ្វាត់ខ្វែង កាត់តម្រង់ទៅកាន់ប្រាសាទសំខាន់ ៗ គ្រប់តំបន់ ទាំងបុរាណវត្ថុដែលបាក់បែកទាំងប៉ុន្មាន គេក៏បានរៀបចំជួសជុលឲ្យបានគង់ទ្រង់ឡើងវិញខ្លះ ដើម្បីរក្សាកេរ្តិដំណែលចាស់មិនឲ្យបាត់សាបសូន្យទៅ ។ ទាំងនេះ មិនមែនកើតឡើងក្រោមការឧបត្ថម្ភនៃសាលាបារាំងសែស នៅចុងបូព៌ាប្រទេសទេឬ ?
ហេតុដូច្នេះ ត្រូវតែយើង មានសេចក្ដីអរគុណយ៉ាងច្រើន ដល់អស់លោកអ្នកប្រាជ្ញនៅសាលាបារាំងសែសចុងបូព៌ាប្រទេស ដែលមានមេត្រីចិត្តជួយឧបត្ថមបុរាណវត្ថុខ្មែរទាំងឡាយ ក្នុងកម្លុងកម្ពុជរដ្ឋនេះ ឲ្យបានគង់ទ្រង់នឹងបានចំរើនរុងរឿងឡើងវិញ ព្រមទាំងបានសរសេរប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជានឹងប្រាសាទនានា នឹងប្រែសិលាចារឹកទាំងឡាយ . . . សុទ្ធសឹងជាកិច្ចការស្នាដៃគួរឲ្យសរសើរ ។
អ្នកប្រាជ្ញខាងប្រវត្តិពង្សាវតារខ្មែរ បានកំណត់ការបោះបង់អង្គរចោល នៅក្នុងរវាងខាងចុងឆ្នាំសតវត្សរ៍ទី ១៤ នឹងកណ្ដាលសតវត្សរ៍ទី ១៥ ។ ប្រសិនបើការកំណត់សករាជ តាមទំនងរឿងនេះទេជាមិនប្រាកដ ក៏គេអាចដឹងជាក់ច្បាស់បាន ចំពោះហេតុភេទទាំងឡាយដែលចាប់ទាក់ទងនឹងរឿងនេះ ល្មមកំណត់យកជាការពិតបាន ។
តាំងអំពីរវាងជាងមួយសតវត្សរ៍មកហើយ ប្រទេសខ្មែរបានធ្វើចម្បាំងនឹងប្រទេសគូសត្រូវដ៏មានរិទ្ធិ៍មួយ គឺស្យាមឬប្រទេសថៃ ជាប្រទេសទើបកកើតថ្មីមានទីក្រុងហៅថា «អយុធ្យា» តាំងឡើងក្នុងឆ្នាំគ្រិស្តសករាជ ១៣៥០ តាំងនៅលើកោះមួយក្នុងដងទន្លេមេណាំ ។ ស្រុកខ្មែរត្រូវគេបៀតបៀនមិនស្រាក ដោយសត្រូវមានកងទ័ពដែលបានចាត់របៀបបែបបទក្នុងវិធីយុទ្ធ គ្រាន់បើជាងកងទ័ពដែលគេបានកេណ្ឌឡើងនៅស្រុកខ្មែរ បានជាព្រះមហាក្សត្រស្រុកខ្មែរក៏ទ្រង់ជ្រួតជ្រាបបន្តិច ៗ ឡើង ថាត្រូវតែបោះបង់ខែត្រប្រទល់ដែនទាំងឡាយចោលទៅ (ទើបបានសុខ) ឯទីក្រុងអង្គរសោត ក៏ត្រូវសត្រូវលុកចូលយកបានជាច្រើនលើក ហើយថែមត្រូវសត្រូវព័ទ្ធឡោមជាប់ងាប់ក្រឡាជាវេលាមិនតិចជាងមួយ ឆ្នាំផង ។
ប្រវត្តិសាវតារ បានសំដែងប្រាប់ពីព្រះនាមនៃព្រះមហាក្សត្រខ្មែរដែលទ្រង់តាំង ព្រះទ័យជាដាច់ស្រេច ដោយព្រមព្រៀងជាមួយនឹងពួកក្រុមប្រឹក្សា ទាំងព្រះសង្ឃ ទាំងគ្រហស្ថ ដើម្បីនឹងផ្លាស់ប្រែព្រះរាជដ្ឋានទៅតាំងនៅក្នុងតំបន់មួយ ដែលពួកសៀមមិនងាយចូលមកលុកលុយបាន ។ ព្រះមហាក្សត្រអង្គនេះ ទ្រង់ព្រះនាមពញាយ៉ាត ។ ថ្ងៃដែលនឹងលើកចេញទៅនោះ ពួកហោរាក្នុងប្រះរាជសំណាក់បានកំណត់ទុកមុនជាយូរមកហើយ ។ លុះជិតដល់ឫក្សពារពេលាល្អ ព្រះមហាក្សត្រទ្រង់គង់នៅខាងមុខក្បួនហែ លើកចេញចាកព្រះរាជវាំងរបស់បុព្វបុរសរបស់ទ្រង់ តាមព្រះទីនាំងនាវាយ៉ាងលឿនមួយ មានបណ្ដាប្រជាជនស្រែកហ៊ោអឺងកង ព្រមទាំងសូរគងនឹងស្គរ ទៅតាមបណ្ដោយឆ្នេរទន្លេសាប រហូតដល់បាសាណក្នុងខែត្រស្រីសុន្ធរ ។ ទើបទ្រង់ឲ្យចាត់ចែងកសាងព្រះរាជវាំងមួយឡើង មានកំពែងខ្ពស់ ៗ ព័ទ្ធឡោមជុំវិញ ប៉ុន្តែទីនោះមិនល្អទេ តែកាលណាដល់រដូវភ្លៀង ទឹកភ្លៀងជន់លិចទីក្រុងថ្មី ។ ទើបព្រះមហាក្សត្រខ្មែរ ទ្រង់តាំងព្រះទ័យជាដាច់ស្រេចក្នុងការផ្លាស់ប្រែព្រះរាជដ្ឋាន លើកទៅតាំងសំណាក់នៃព្រះរាជាធិបតីខ្មែរ នៅលើមាត់ទន្លេមេកុង ត្រង់មានផ្លូវទឹកបែកចេញជាបួន (គឺក្រុងភ្នំពេញសព្វថ្ងៃនេះ) ។
ចុះទៅជាដូចម្ដេចទៅ ទីក្រុងចាស់ដែលជាទីក្រុងសាបសូន្យតាំងពីកាលនោះមក ? តាមសេចក្ដីកត់ត្រាទាំងឡាយ មិនមាននិយាយប្រាប់យើងសោះឡើយ ។ ដោយហោចទៅ មុនកណ្ដាលសតវត្សរ៍ទី ១៦ សេចក្ដីទាំងនោះក៏មិនបានពោលដល់ឡើយ ។ ប្រាកដជាការអន្តរាយសាបសូន្យនៃទីក្រុងអង្គរនោះ ប្រព្រឹត្តិទៅយ៉ាងយឺត ៗ ទ្រុឌទ្រោមទៅតាមយថាកម្ម នៅកណ្ដាលប្រទេស ដែលមានប្រជាជនកាន់តែរៀវរោយថយតិចទៅ ហើយត្រូវព្រៃព្រឹក្សារុករានទន្រ្ទានចូលមកបន្តិចម្ដង ៗ ។ ទើបទីក្រុងដែលគេបោះបង់ចោលទៅនោះ ទុកដូចជាមានសត្រូវមកព័ទ្ធឡោមជាថ្មីទៀត ។ ប៉ុន្តែក្នុងខណៈនោះ កំពែងដ៏ធំក្រាស់មាំនឹងកសិណដ៏ធំទូលាយ មិនបានជួយតទល់នឹងសត្រូវខ្មៅងងឹតមានឧបាយកលច្រើនយ៉ាងនោះបានទេ ទាំងមិនប្រើដំរីសឹកឬម្សេវកាំភ្លើងធំ សម្រាប់បំផ្លិចបំផ្លាញឬវាយកំទេចឡើយ ។ នៅក្នុងទំព័រមួយដែលមានពោលជាញឹកញយនោះ លោកព្យែរលោទីបាននិយាយប្រាប់យើងថា « ដើមជ្រៃនៅបុរាណដ្ឋាន » នោះឯងដែលបានឡើងសោយរាជ្យជាម្ចាស់លើក្រុងអង្គរ អស់វេលាជាង ៥ សតវត្សរ៍ » មុនដំបូងបង្អស់ មានតែគ្រាប់តូចមួយទេ ដែលខ្យល់បក់ទៅព្រោះសាបលើក្បាច់ឬលើកំពូលប្រាសាទ ប៉ុន្តែដល់កាលណាវាដុំពន្លកឡើង ហើយវាមានឫសឆ្មារ ៗ ចាក់ជ្រែកចូលទៅក្នុងចន្លោះថ្មចុះទៅ ៗ ហាក់ដូចមានវិញ្ញាណដឹកនាំចុះទៅសំដៅទៅរកដី តែកាលណាបានជួបប្រទះនឹងដី វាក៏ដុះធាត់ធំឡើងភ្លាមដោយមានជាតិអាហារបរិបូណ៏ ហើយតាំងញែកបំបែកថ្មឲ្យប្រែប្រួល ទៅសព្វអន្លើ . . . . . . . . . . . . . » ។
ទីក្រុងដ៏ថ្លៃថ្លា ជាទីក្រុងធំទូលាយមួយ ក្នុងចំណោម « ក្រុងស្លាប់ » នៅទ្វីបអាស៊ីនេះ ហើយជាទីដេរដាសដោយព្រៃព្រឹក្សាលតាវល្លិ ជាព្រៃមានជម្ងឺឲ្យកើតគ្រុនរងា ជាសត្រូវនឹងមនុស្សជាតិ ដែលហ៊ានចូលទៅជ្រកកោននៅទីនោះ ប្រាកដជាមិនមែនជាគេបោះបង់ចោលមានរយៈកាលត្រឹមជាង ៥០ ឆ្នាំទេ ។
តាមសេចក្ដីដំណាល របស់ពួកលោកសង្ឃកាតូលិកជាតិអេស្ប៉ាញ៉ុល ឬប៉រទុយគេស ដែលបានព្យាយាមមិនសម្រេច អំពីការគិតផ្លាសចិត្តគំនិតរាស្រ្តជាតិខ្មែរឲ្យជឿសាសនាគ្រិស្ត កាលពីចុងសតវត្សរ៍ទី ១៦ នោះ ពួកខ្មែរបានប្រទះឃើញអង្គរដោយខ្លួនឯង ក្នុងឆ្នាំ ១៥៧០ កាលពីមុនមកនោះ គេមិនដែលឃើញមិនដែលស្គាល់អង្គរឡើយ ។
កាលពីក្នុងឆ្នាំ ១៦០១ នោះលោកគ្រូ P-Marcelo de Ribadeneyra ជាពួកសង្ឃនិកាយមួយ បានសរសេរទុកក្នុងសៀវភៅ Histiria de las islas de l'Archipelago របស់លោកថាៈ « នៅស្រុកខ្មែរ មានបុរាណវត្ថុនៅទីក្រុងជាន់ចាស់មួយ ដែលមានអ្នកខ្លះនិយាយថា ពួករោម៉ាំងឬស្ដេចអាលេក្សងដ្រ៍មហារាជបានកសាងឡើង ជារបស់ចំឡែកអស្ចារ្យតែមិនមានអាយណាមួយ នៅក្នុងទីបុរាណដ្ឋាននោះឡើយក្រៅពីពួកសត្វព្រៃ » ។
ក្នុងពីរបីឆ្នាំតមក ក្នុងឆ្នាំ ១៦០៤ មានបព្វជិតអេស្បាញញ៉ុល ១ រូបទៀតគឺលោកគ្រូ Gabriel Quiroga de San Antonio, និកាយ Saint Dominique បានបោះពុម្ពផ្សាយសេចក្ដីរាយការ ១ និយាយពីស្រុកខ្មែរ ក្នុងស្រុក Valladolid នៅវេលាត្រឡប់មកពីស្រុកហ្វីលីពីនវិញ នោះមានវគ្គមួយនិយាយដល់របស់សំបើមអស្ចារ្យ « អំពីអង្គរ » ដែលការប្រទះឃើញនោះ ធ្វើឲ្យស្ដេចនឹងរាស្រ្តជាតិខ្មែរមានសេចក្ដីកោតស្ញប់ស្ញែងជា ច្រើន ។ ចូរយើងមើលសេចក្ដីរបស់លោកដូច្នេះ « អង្គរនោះ ជាកិច្ចការស្នាដៃដ៏ថ្លៃថ្លា មានកំពែងថ្មយ៉ាងមាំទំហំជុំវិញ ១៦ គីឡូម៉ែត្រ កម្រាស់កំពែង ៤ ព្យាម មានកំពស់ ៥ ព្យាម មានចន្លោះច្រកប្រឡោះជិត ៗ គ្នា ដែលមានរូបជាសត្វដំរី, ខ្លាត្រី, ខ្លាធំ, សិង្ហ, សត្វឥន្រ្ទីនឹងឆ្កែ ហើយមានត្រាចម្លាក់នឹងអក្សរ ដែលមិនមានអ្នកណាស្គាល់នឹងដឹងឮឡើយ ។ គេហដ្ឋានទាំងពួង សុទ្ធតែធ្វើពីថ្មយ៉ាងល្អចំណាប់មានផ្លូវថ្នល់ខ្វាត់ខ្វែងសុទ្ធ តែមានរបៀបរៀបរយ ហើយផ្ទះទាំងនោះមានក្បាច់ចម្លាក់ មានទ្វារធំ មានធ្លា មានបន្ទប់ មានល្វែង ដូចជារបស់ពួករោមម៉ាំង ។ គេបានឃើញទទឹកនឹងព្រែកជីកជាច្រើន ហើយពីរយៈមួយទៅរយៈមួយនោះ គេឃើញមានវត្តនឹងសាធារណៈមន្ទីរ . . . » ។ លោកបព្វជិតជាតិកាស្ទីយ៉ង់ បាននិយាយតទៅទៀត អំពីកំពូលទាំង ៥ ត្រង់កណ្ដាលប្រាសាទអង្គរវត្ត ព្រមទាំងស្ពានយក្ស ( ស្ពាននាគ ) ដែលលោកភាន់ច្រឡំថានៅលើទន្លេមេកុង ។ នៅទីបំផុតនៃសេចក្ដីអធិប្បាយអំពីអង្គរ លោកគ្រូ San Antonio បានតាំងគណៈអ្នកផ្សាយសាសនាជាតិប៉រទុយគេសពីររូប ជាគណៈនិកាយជាមួយនឹងលោក ឲ្យជាអ្នកផ្សាយដំណឹងរបស់លោក គឺៈ « លោកគ្រូ Fray Antonio Dorta នឹងលោកគ្រូ Louis de Fonseca ជាសង្ឃនិកាយប្រចាំប្រទេសឥណ្ឌៀប៉ែកខាងកើត ដែលធ្លាប់នៅក្នុងទីនោះជាយូរអង្វែង ។
(មានត)
No comments:
Post a Comment