ភរិយារបស់នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន បានធ្វើពិធីបួងសួងមួយនៅឯប្រាសាទព្រះវិហារ កាលពីព្រឹកថ្ងៃសុក្រ ទី១ សីហា ដោយបានអន្ទងហៅព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រកសាងអង្គរ និងវិញ្ញាណក្ខន្ធមេទ័ពខ្លាំងពូកែមកសណ្ឋិតនៅប្រាសាទព្រះវិហារ ដើម្បីសម្ដែងឫទ្ធិបារមីឲ្យមានសន្តិភាពនិងសេចក្ដីសុខ ។ព្រះសង្ឃថ្នាក់រាជាគណៈ មន្ត្រីរដ្ឋាភិបាលកំពូលៗ កម្លាំងប្រដាប់អាវុធ យោធា ប៉ូលិស ប៉េអឹម និងប្រជាពលរដ្ឋប្រមាណ១ពាន់នាក់បានចូលរួមក្នុងពិធីបួងសួងនោះ ។តំណាងឲ្យក្រសួងធម្មការនិងសាសនា និងជាប្រធានគណៈកម្មការរៀបចំពិធីបុណ្យជាតិនិងអន្តរជាតិ លោក មិន ឃិន បានមានប្រសាសន៍ថាពិធីដ៏សម្បើមកាលពីព្រឹកមិញគឺជាការបួងសួងសុំសេចក្ដីសុខចម្រើនដល់ប្រាសាទព្រះវិហារ ។
លោក មិន ឃិន បានមានប្រសាសន៍ថា ៖ «បួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន និងពិធីជួបសំណេះសំណាលជាមួយប្រជាជន ជាមួយព្រះសង្ឃដែលគង់ចាំវស្សានៅទីនេះ និងជួបជាមួយកងកម្លាំងប្រដាប់អាវុធដែលកំពុងតែនៅលើប្រាសាទព្រះវិហារយើងនេះ» ។
ការធ្វើពិធីបួងសួងសុំសន្តិភាពនិងសេចក្ដីសុខចម្រើននេះ បានធ្វើឡើងបន្ទាប់ពីកងទាហានឈុតខ្មៅរបស់ថៃចំនួនប្រមាណ៦០០នាក់ បានចូលមកលុកលុយទីវត្តខ្មែរ កែវសិក្ខាគិរីស្វារៈ ជាប់តំបន់ប្រាសាទព្រះវិហារ រយៈពេល១៧ថ្ងៃមកហើយដោយមិនទាន់មានផែនការដកកងទ័ពចេញនៅឡើយ ។
ប្រជាពលរដ្ឋខ្មែរជាច្រើននាក់បានបង្ហាញថា គេចង់ឲ្យទាហានថៃទាំងអស់ដកកងទ័ពចេញពីទឹកដីខ្មែរនៃតំបន់ប្រាសាទព្រះវិហារតាមរយៈការបួងសួងនេះ ដោយគេមានចិត្តខឹងសម្បាចាប់តាំងពីមានវត្តមានកងទ័ពថៃចូលមកលុកលុយនោះ ៖ «កាលពួកវាមកបាតុកម្ម ក៏មានចិត្តខឹងចង់តែវ៉ៃវាវិញ ដីយើងសោះវាជេរប្រមាថអាក្រក់ៗណាស់ សុទ្ធតែអាម៉ឹង អ្ងែង ឲ្យចុះចេញពីទឹកដីព្រះវិហារ យើងម៉េចនឹងចុះដីយើង» ។
ចំណែកទាហានឈុតខ្មៅរបស់ថៃមួយរូបដែលកំពុងបោះជំរំនៅទីវត្តខ្មែរបាននិយាយថា គេត្រេកអរចំពោះការបួងសួងសុំសន្តិភាពនោះដោយគេមិនចង់ធ្វើសង្គ្រាមទេ ហើយពួកគេចង់តែចាកចេញពីទឹកដីខ្មែរឆាប់ៗដែរ ។
ទោះយ៉ាងណានាយទាហានខ្មែរម្នាក់ដែលកំពុងត្រៀមប្រយុទ្ធនៅខ្សែត្រៀមទី១ បានមានប្រសាសន៍ថាលោកចង់បានសន្តិភាពមិនបង្ហូរឈាម ក៏ប៉ុន្តែកងទាហានថៃបានបង្ហាញឥរិយាបថឲ្យឃើញថា មិនចង់បានសន្តិភាពនេះទេ ៖ «ការបួងសួងនេះយើងចង់បានសន្តិភាពដែរ តែខ្លាចតែគេមិនយល់ព្រមសន្តិភាពហ្នឹង មើលទៅចរិតវាដូចនៅរឹងរូសនៅត្រង់ហ្នឹង» ។
សូមបញ្ជាក់ថាកងទាហានឈុតខ្មៅថៃរាប់រយនាក់បានចូលមកលុកលុយទីវត្តខ្មែរជិតតំបន់ប្រាសាទព្រះវិហារ តាំងតែពីថ្ងៃទី១៥ ខែកក្កដា ហើយរហូតមកដល់ពេលនេះការប្រឈមមុខដាក់គ្នារវាងកងទ័ពខ្មែរថៃនៅតែកើតមាននៅឡើយ បើទោះបីជាមានការព្រមព្រៀងគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា រវាងមន្ត្រីការបរទេសកម្ពុជាថៃ ថានឹងដកកងទ័ពចេញពីតំបន់ជម្លោះនោះក៏ដោយ ៕
01 08 2008
RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment