Wednesday, 25 June 2008

ទស្សនៈ​មន្ត្រី​ខ្មែរ​និង​ម្ចាស់​ក្រុមហ៊ុន​ទេសចរណ៍​អំពី​ការបិទ​ច្រក​ប្រាសាទ​ព្រះវិហារ...

អាជ្ញាធរ​កម្ពុជា​បាន​សម្រេចចិត្ត​បិទ​ច្រក​ចេញ​ចូល​ទស្សនា​បា្រសាទ​ ព្រះវិហារ​នៅថ្ងៃ​ទី​២២ មិថុនា ក្រោយ​ពេល​មាន​ក្រុម​បាតុករ​ថៃ​បាន​ហែ​មក​ដល់​តំបន់​ស​នៃ​ព្រំដែន​កម្ពុជា-​ ថៃ​ត្រង់​ប្រាសាទ​ព្រះវិហារ ។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​របស់​គណៈ​រដ្ឋមន្រ្តី​កម្ពុជា បានមាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការបិទ​ច្រក​ទេសចរណ៍​នៅ​ប្រាសាទ​ព្រះវិហារ​នោះ ដើម្បី​ជៀសវាង​អធិករណ៍​នានា ដែល​អាច​កើត​មាន​រវាង​ក្រុម​អ្នកតវ៉ា​ថៃ ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តំបន់​នោះ ហើយ​ថា បញ្ហា​ចុះ​ឈ្មោះ​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​នោះ បាន​ទទួល​ការយល់ព្រម​ពី​ភាគី​រដ្ឋាភិបាល​ថៃ​រួច​ទៅ​ហើយ ។

លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ខ្ញុំ​គ្រាន់​តែ​ដឹង​ថា បាតុករ​ថៃ​ដែល​គេ​ធ្វើដំណើរ​មក​ដល់​តំបន់​ស យើង​ក៏​បាន​ធ្វើ​ត្រៀម​លក្ខណៈ​ដើម្បី​ការពារ​សុវត្ថិភាព​និង​អធិបតេយ្យ​របស់ ​ខ្មែរ​យើង តែ​ប៉ុណ្ណឹង ហើយ​យើង​មិន​ដឹង​ថា បិទ​មកពី​បញ្ហា​អី​ផ្សេង​ពី​ហ្នឹង​ទេ»

លោក ផៃ ស៊ីផាន បាន​ឲ្យ​ដឹង​ថា ការចុះ​ឈ្មោះ​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​នោះ វា​ជា​បញ្ហា​វប្បធម៌​សុទ្ធសាធ​មិន​មាន​ទាក់ទង​ជាមួយ​បញ្ហា​ទឹកដី​អ្វី​នោះ​ ទេ ៖ «ថ្ងៃ​នេះ នាយក​រដ្ឋមន្ត្រី​ថៃ​បាន​ទៅ​ប្រជុំ​ព្រឹទ្ធសភា​ដើម្បី​ឆ្លើយ​ពី​សំណួរ​អំពី​ អ្វី​ៗ​ដែល​រដ្ឋាភិបាល​ថៃ​បាន​ឯកភាព​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​យើង ដូច្នេះ​វា​អត់​មាន​បញ្ហា​អ្វី​ទេ បាតុកម្ម​គ្រាន់​តែ​ជា​បាតុកម្ម​ដោយ​ឡែក​នៃ​ក្រុម​មួយ​នៅ​ក្នុង​ប្រទេស​ថៃ វា​មិន​មែន​ជា​ការសម្រេច​របស់​រាជរដ្ឋាភិបាល​ឯណា ពី​ព្រោះ​យើង​បាន​ចុះ​ហត្ថលេខា​ជាមួយ​គ្នា ។ ចំពោះ​ព្រឹទ្ធសភា​ដែល​និយាយ​ពី​រឿង​ខ្លាច​បាត់បង់​ទឹក​ដី គឺ​វា​ខុស​ពី​ប្រធាន​បទ​ដែល​យើង​និយាយ​អំពី​ការចុះ​ប្រាង្គ​ប្រាសាទ​ ព្រះវិហារ​នៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពេលាក ។ ហើយ​ចម្លើយ​នៅ​ដដែល ជំហរ​របស់​ព្រះរាជណាចក្រ​កម្ពុជា គឺ​ថា នេះ​ជា​រឿង​វប្បធម៌​សុទ្ធសាធ ហើយ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក មិនមែន​ជា​តុលាការ​ក្នុង​ការសម្រេច​ក្ដី​ថា ដី​នេះ​ជា​របស់​អ្នកនេះ ដី​នោះ​ជា​របស់​អ្នកនោះ គឺ​អត់​មាន​ទាល់​តែ​សោះ ។ ដូច្នេះ​ភាគី​ខាង​រដ្ឋាភិបាល​យល់​ច្បាស់ ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​យល់​ច្បាស់ តាម​រយៈ​ការផ្សព្វផ្សាយ​របស់​យើង»

លោក មឿង សុន ប្រធាន​ក្រុមហ៊ុន​ទសចរណ៍​ក្នុង​ស្រុក​មួយ ឈ្មោះ អឺរ៉ាស៊ី ត្រាវែល ហើយ​ដែល​កាល​ពី​ពេល​ថ្មីៗ​នេះ លោក​បាន​ផ្ដួចផ្ដើម​រៀបចំ​ទិវា​រំលឹក​ខួប​លើក​ទី ៤៦ ថ្ងៃ​ដែល​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ​បាន​កាត់​សេចក្តី​ថា ព្រះវិហារ​ជា​របស់​ប្រទេស​ខ្មែរ​នោះ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការបិទ​ប្រាសាទ​ព្រះវិហា​នោះ គ្រានាតែ​ដើម្បី​កុំ​ឲ្យ​មាន​ការរំខាន​ដល់​មិត្រភាព​ប្រទេស​ទាំងពីរ កម្ពុជា-ថៃ តែ​ប៉ុណ្ណោះ ។

លោក មឿង សុន ថ្លែង​យ៉ាង​ដូច្នេះ ៖ «ខ្ញុំ​យល់​ថា មិន​ជា​រំខាន​អី​សម្រាប់​យើង​ទេ ហើយ​ការបិទ​ហ្នឹង​ក៏​វា​មិនមែន​ជា​ការរំខាន​ក្នុង​ការដាក់​ប្រាសាទ​ ព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ទេ ពីព្រោះ​ប្រាសាទ​ព្រះវិហារ​ប្រទេស​ថៃ​បាន​ទទួល​ស្គាល់​យើង ៤៦​ឆ្នាំ​មក​ហើយ គេ​មិន​ដែល​បដិសេធ​នឹង​សាល​ដីកា​របស់​តុលាការ ឬ​ក៏​តវ៉ា​ទាមទារ​ប្រាសាទ​ព្រះវិហារ​ថា​ជា​របស់​គេ ក៏​អត់​ដែរ ។ នេះ​ជា​សីលធម៌​ដ៏​ខ្ពង់ខ្ពស់​របស់​រាជរដ្ឋាភិបាល​ថៃ​និង​ព្រះមហាក្សត្រ​ថៃ ។ ឯ​អ្នក​ដែល​ធ្វើ​បាតុកម្ម​គឺ​ជា​តំណាង​នៃ​ក្រុម​តូច​មួយ​ទេ មិនមែន​តំណាង​នូវ​សីលធម៌​ដ៏​ឧត្តុង្គ​ឧត្តម​របស់​ប្រជាពលរដ្ឋ​ថៃ​ទេ ។ អ៊ីចឹង ខ្ញុំ​គិត​ថា ការដែល​គេ​បិទ​ហ្នឹង គឺ​រាជ​រដ្ឋាភិបាល​មិន​ចង់​ឲ្យ​ប្រជារាស្ត្រ​ថៃ​ក្រុម​តូច​ដែល​ខ្វះ​ការ​ យល់ដឹង​អំពី​ប្រវត្តិសាស្ត្រ​រឿង​តុលាការ​ហ្នឹង ចូល​មក​អុកឡុក​រំខាន​ដល់​មិត្តភាព​យើង​ទេ ។ នេះ​ជា​គំនិត​របស់​ខ្ញុំ បើ​កាល​ណា​មិន​បិទ​ទេ អ្នកអស់​ហ្នឹង រំខាន​ដល់​ក្នុង​ទឹក​ដី​យើង វា​ធ្វើ​ឲ្យ​ខូច​ដល់​មិត្តភាព ។ ខ្ញុំ​យល់​ថា ជាការល្អ​ចំពោះ​សមត្ថកិច្ច​របស់​គេ​ៗ ទប់ស្កាត់ មិន​មែន​មាន​បំណង​មក​ទប់​ស្កាត់​សេដ្ឋកិច្ច​យើង​ទេ»

លោក មឿង សុន បាន​មាន​ប្រសាសន៍​ថា ការបិទ​ច្រក​មួយ​រយៈ​នេះ មិន​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ទេ ហើយ​ការតវ៉ា​របស់​បាតុករ​ថៃ​នេះ​ជា​ការដាស់​សតិ​ខ្មែរ​ឲ្យ​ប្រឹង​ធ្វើ​ ផ្លូវជាតិ​ងាយ​ស្រួល​ទៅ​កាន់​ប្រាសាទ​នោះ​ពី​ក្នុង​ទឹក​ដី​ខ្មែរ​ឲ្យ​បាន​ ឆាប់​រហ័ស​ផងដែរ ។

លោក មឿង សុន មាន​ប្រសាសន៍​បន្ថែម​ថា ៖ «ចំណូល​នៅក្នុង​ច្រក​ហ្នឹង ខ្ញុំ​យល់​ថា វា​មិន​មែន​ជា​ធំដុំ​ណាស់​ណាស​ទេ ទីមួយ ។ ទី​ពីរ ខ្ញុំ​មិន​ជឿ​ថា គេ​បិទ​រហូត​ជា​រឿង​ទំនាស់​គ្នា​ទេ គេគ្រាន់​តែ​បិទ​ដោយ​សារ​តែ​វា​មាន​ការច្របូក​ច្របល់​ពួក​ក្រុម​តូច​មួយ​ដែល ​មិន​យល់​ប្រវត្តិសាស្ត្រ​ខ្មែរ​មិន​ស្គាល់​ប្រវត្តិ​សាស្ត្រ​ថៃ​ពី​រឿង​ ព្រះវិហារ គាត់​មក​ឆាឆៅ ។ អ៊ីចឹង កាលណា​គេ​បង្ក្រាប​ផ្ទៃ​ក្នុង​បាន គេ​បើក​វិញ​ហើយ»

តាម​ព័ត៌មាន​ពី​ប៉ូលិស​ខែត្រ​ព្រះវិហារ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៣ មិថុនា​នេះ មាន​ប៉ូលិស​ខែត្រ​ព្រះវិហារ​មួយ​ក្រុម​បាន​ចេញ​ដំណើរ​ទៅ​មើល​សភាព​ការណ៍​បិទ ​ច្រក​ចេញ​ចូល​ប្រាសាទ​ព្រះវិហារ​នោះ​ផង​ដែរ ។

ការដាក់​ប្រាសាទ​ព្រះវិហារ​ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​នេះ បាន​កើត​មាន​ជា​បញ្ហា​ចម្រូងចម្រាស​ជា​ច្រើន ដូចជា ភាគី​ថៃ​ទាមទារ​ឲ្យ​ភាគី​ខ្មែរ​គូរ​ផែនទី​ថ្មី​នៅ​តំបន់​ប្រាសាទ​នោះ ដែល​សមាជិក​គណបក្ស​ប្រឆាំង​ខាង​ខ្មែរ បាន​លើក​ឡើង​ថា ជា​ការខាត​បង់​របស់​ខ្មែរ ព្រោះ​តុលាការ​អន្តរជាតិ នៅ​មុន​ពេល​សម្រេច​នោះ គេ​បាន​សិក្សា​ល្អិតល្អន់​រួច​ទៅ​ហើយ ។

មក​ទល់​ពេល​នេះ មិន​មាន​បាតុកម្ម​ពី​ភាគី​ខ្មែរ​ទាក់ទង​ជាមួយ​ការតវ៉ា​របស់​បាតុករ​ថៃ​ទេ តែ​មាន​ការរៀបចំ​បុណ្យ​រំឭក​ខួប​លើក​ទី​៤៦ នៃ​ទិវា​ដែល​តុលាការ​អន្តរជាតិ​បាន​កាត់​ក្ដី​ឲ្យ​កម្ពុជា​ឈ្នះ​ប្រទេស​ថៃ​ ក្នុង​ករណី​ទាមទារ​ប្រាសាទ​ព្រះវិហារ ប៉ុណ្ណោះ ។

កាល​ពី​ពេល​ថ្មី​ៗ​នេះ មាន​ការបង្កើត​អាជ្ញាធរ​ព្រះវិហារ​មួយ ដើម្បី​ទទួល​គ្រប់គ្រង​និង​ទាក់ទង​ការងារ​នានា​ជាមួយ​ប្រាសាទ​ព្រះវិហារ​នោះ ហើយ​ក្រោយ​ពេល​បង្កើត ក៏​មាន​ការរៀបចំ​ឲ្យ​មាន​កម្លាំង​ឆ្មាំ​យាម​ការពារ​ប្រាសាទ​ព្រះវិហារ​ផងដែរ ៕

2008-06-24

RFA

No comments: