Tuesday, 17 June 2008

ប្រធាន​គណបក្ស​សមរង្ស៊ី ចោទ​ថា​នាយក​រដ្ឋមន្ត្រី​ប្រឌិត​រឿង

Mr. Som Rainsy and PM. Hun Sen
លោក សម រង្ស៊ី បាន​ចោទ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​បាន​ប្រឌិត​រឿង​ទាក់ទង​នឹង​ការបញ្ជា​ឲ្យ​អតីត​សកម្មជន​គណបក្ស​សមរង្ស៊ី ឡឹក ប៊ុនញាណ សហការ​ជាមួយ​ក្រុម​ចារកម្ម​សម្ងាត់​យោធា​រដ្ឋាភិបាល និង​មន្ត្រី​យោធា​ជាន់ខ្ពស់ ដើម្បី​តាមដាន​រឿង​សង្ស័យ​ប៉ុនប៉ង​សម្លាប់​រូប​មេដឹកនាំ​ខ្មែរ កាលពី​១០​ឆ្នាំ​មុន ។

ប្រតិកម្ម​នេះ​បាន​ធ្វើឡើង​មួយ​ថ្ងៃ​ក្រោយ​ដែល​មាន​ការចេញ​បញ្ជា​ឲ្យ​ស៊ើបអង្កេត​នោះ ។

ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ប្រតិកម្ម​តប​ទៅ​នឹង​រឿង​អតីត​សកម្មជន​គណបក្ស​សមរង្ស៊ី​ ម្នាក់ ដែល​បាន​ទទួល​បញ្ជា​ឲ្យ​ស្រាវជ្រាវ​រឿង​អតីតកាល​ទាក់ទង​នឹង​ការរៀបចំ​បាញ់​ ក្បួន​រថយន្ត​របស់​លោក​នាយក​រដ្ឋមន្ត្រី កាលពី​១០​ឆ្នាំ​មុន ។

លោក សម រង្ស៊ី បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា ប្រសាសន៍​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បញ្ជា​ឲ្យ​ឈ្មោះ ឡឹក ប៊ុនញាណ សហការ​ជាមួយ​ក្រុម​ចារកម្ម​សម្ងាត់​យោធា​រដ្ឋាភិបាល និង​មន្ត្រី​យោធា​ជាន់ខ្ពស់ ដើម្បី​តាមដាន​រឿង​សង្ស័យ​ថា​មាន​ក្រុម​ភេរវករ​ប៉ុនប៉ង​សម្លាប់​រូប​លោក​ កាលពី​ឆ្នាំ​១៩៩៨ គឺ​ជា​រឿង​ដែល​ចេះតែ​ប្រឌិត ។

លោក សម រង្ស៊ី បាន​ឲ្យ​ដឹង​ថា ៖ «ឲ្យ​ទៅ​សួរ​លោក សុខ យឿន ទៅ ពីព្រោះ​តុលាការ​លោក ហ៊ុន សែន​ហ្នឹង គឺ​បាន​ថ្កោលទោល​បាន​សម្រេច​ចង់​ចាប់​លោក សុខ យឿន ប៉ុន្តែ​លោក សុខ យឿន បាន​ទៅ​រស់នៅ​ប្រទេស​ហ្វាំងឡង់ ដោយសារតែ​អង្គការ​សហ​ប្រជាជាតិ ។ គេ​ដឹង​ថា​រឿង​នេះ​ជា​រឿង​ប្រឌិត រឿង​នេះ​ជា​រឿង​ដែល​គេ​បង្កើត​ដើម្បី​បង្វែរ​ពី​បញ្ហា​ប្រទេស​ជាតិ​ពិត​ ប្រាកដ ។ ដូច្នេះ​រដ្ឋាភិបាល លោក ហ៊ុន សែន នេះ មិន​អាច​ដោះស្រាយ​បញ្ហា​ដី​ធ្លី​មិន​អាច​ដោះស្រាយ​បញ្ហា​ទំនិញ​ឡើង​ថ្លៃ មិន​អាច​ទល់​នឹង​កំហឹង​ប្រជារាស្ត្រ មាន​តែ​បង្កើត​រឿង នឹក​ឃើញ​អី​ចេះតែ​ធ្វើ​ទៅ»

សូម​ជម្រាប​ថា លោក សុខ យឿន គឺ​ជា​សកម្មជន​គណបក្ស​សមរង្ស៊ី​ម្នាក់​ដែល​ត្រូវ​តុលាការ​ភ្នំពេញ​បាន​ចោទ​ ពី​បទ​ទាក់ទង​នឹង​សកម្មភាព​ធ្វើ​ភេរវកម្ម​បាញ់​ក្បួន​រថយន្ត​លោក​នាយក​ រដ្ឋមន្ត្រី ហ៊ុន សែន ។ បច្ចុប្បន្ន​លោក សុខ យឿន កំពុងតែ​ស្ថិត​នៅ​ក្នុង​ប្រទេស​ហ្វាំងឡង់ ។

កាលពី​ម្សិលមិញ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា​លោក​បាន​តែងតាំង​លោក ឡឹក ប៊ុនញាណ ជា​ទីប្រឹក្សា​ក្រសួង​ការពារ​ជាតិ​រួច​ទៅហើយ​ដើម្បី​ឲ្យ​ធ្វើ​កិច្ចការ​នោះ ។

លោក​នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា ៖ «ប៉ុន្តែ ញាណ​ឯង​ត្រូវ​មាន​ភារកិច្ច​មួយ ព្រោះ​អ្វី​ដែល​ញាណ​ឯង​បាន​ធ្វើ​នោះ គឺ​ថា​ពាក់ព័ន្ធ​ជាមួយ​នឹង​បញ្ហា​ទិដ្ឋភាព​ភេរវកម្ម​ច្រើន​ណាស់ ។ ឯកឧត្ដម មាស សុភា ធ្វើការ​ជាមួយ មុល រឿប ហើយ មុល រឿប ហ្នឹង គឺ​កិច្ចការ​ជាមួយ​នឹង ញាណ ។ ឯកសារ​ទាំងឡាយ​មិនមែន​គ្រាន់តែ​ប្រកាស​តាម​ទូរទស្សន៍​ទេ ព្រោះ​រឿង​នេះ​វា​ជ្រាលជ្រៅ​ទាក់ទិន​ជាមួយនឹង​បញ្ហា អាច​ខាង​ផ្នែក​ចារកម្ម ខាង​ផ្នែក​សន្តិសុខ​របស់​យើង​ធ្វើ​កិច្ច​ការងារ​នេះ​ឡើងវិញ»

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា​លោក​មិន​ដែល​បាន​ទាំង​ស្គាល់​លោក ឡឹក ប៊ុនញាណ នោះ​ផង ហើយ​ករណី​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា បញ្ហា​ជុំវិញ​រឿង​តាមដាន​នោះ​មិន​បាន​ធ្វើ​ឲ្យ​លោក​ព្រួយបារម្ភ​នោះ​ទេ ។

លោក សម រង្ស៊ី បាន​បញ្ជាក់​ថា ៖ «អត់​បារម្ភ​ទាល់តែ​សោះ អស់​សំណើច មាន​ន័យ​ថា​រដ្ឋាភិបាល​សព្វថ្ងៃ​របស់​លោក ហ៊ុន សែន​នេះ មិន​ធ្វើការ​បម្រើ​ប្រទេស​ជាតិ មិន​ដោះស្រាយ​បញ្ហា​ដែល​ប្រជារាស្ត្រ​ចាប់អារម្មណ៍ ដូច​ជា​បញ្ហា​ដីធ្លី បញ្ហា​ទំនិញ​ឡើងថ្លៃ មានតែ​បង្កើត​រឿង​ដែល​អត់​ប្រយោជន៍​ដែល​អត់​មាន​នរណា​ជឿ​ទាល់តែ​សោះ»

ករណី​បញ្ជា​ឲ្យ​ធ្វើការ​ស្រាវជ្រាវ​រឿង​អតីតកាល​ទាក់ទង​នឹង​ការរៀបចំ​ បាញ់​ក្បួន​រថយន្ត​លោក​នាយក​រដ្ឋមន្ត្រី កាលពី​១០​ឆ្នាំ​មុន មិន​មាន​ការធ្វើ​អត្ថាធិប្បាយ​ណា​មួយ​ថា នឹង​ផ្តោត​ឬក៏​នឹង​អាច​មាន​ជាប់​ទាក់ទង​នឹង​បុគ្គល​ណា​មួយ​នោះ​ទេ ប៉ុន្តែ​ការបញ្ជា​នេះ​បាន​ធ្វើឡើង​នៅគ្រា​ដែល​កម្ពុជា​កំពុងតែ​ត្រៀម​រៀបចំ​ ដំណើរការ​បោះឆ្នោត​សកល ។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​សង្ស័យ​ថា អាច​មាន​បំណង​ចង់​បំបាក់​ស្មារតី​អ្នក​គាំទ្រ​របស់​លោក​នៅ​មុន​ការបោះឆ្នោត ប៉ុន្តែ​លោក​ជឿ​ថា​មិន​អាច​ធ្វើទៅ​បាន​ដោយ​ជោគជ័យ​នោះ​ទេ ។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា ៖ «បំណង​គេ​ដើម្បី​ចង់​បំភិតបំភ័យ ​គណបក្ស​សមរង្ស៊ី ប៉ុន្តែ​គណបក្ស​សមរង្ស៊ី​យល់​ឃើញ​ថា រឿង​នេះ​ជា​រឿង​អស់​សំណើច ធ្វើ​ឲ្យ​គេ​យល់ឃើញ​ថា​គណបក្ស​ប្រជាជន​អន់​មែនទែន​តែម្ដង»

លោក​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​អះអាង​កាលពី​ម្សិល​មិញ​នោះ​ថា រឿង​នោះ​មិនមែន​ជា​ការគំរាម​កំហែង​នយោបាយ​ណា​មួយ​នោះ​ទេ ប៉ុន្តែ​គឺ​ជា​រឿង​ដែល​ពាក់ព័ន្ធ​នឹង​គម្រោង​ចង់​ធ្វើ​ឃាត​ដល់​រូបលោក ៕

2008-06-16
Radio Free Asia

No comments: