Friday, 20 November 2009

19 November 2009 - Fire

ផ្ទះ​ប្រហែល​៣០០​ខ្នង​ត្រូវ​បំផ្លាញ​ដោយ​អគ្គិភ័យ​នៅ​ឫស្សីកែវ
ដោយ សេក បណ្ឌិត
2009-11-19
យ៉ាង​ហោច​ណាស់​មាន​ផ្ទះ​ជនជាតិ​ចាម​ប្រហែល​៣០០​ខ្នង​ត្រូវ​បំផ្លាញ​ទាំង​ស្រុង ប៉ុន្តែ​ពុំទាន់​ដឹង​ថា មាន​មនុស្ស​ប៉ុន្មាន​នាក់​រង​របួស​នៅ​ឡើយ នៅ​ក្នុង​អគ្គិភ័យ​មួយ​ដែល​ឆាបឆេះ​​នៅ​សង្កាត់​ច្រាំងចំរេះ​២ ខណ្ឌ​ឫស្សីកែវ ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​១៩ វិច្ឆិកា។

ព័ត៌មាន​ចុង​ក្រោយ អភិបាល​រង​ខណ្ឌ​ឫស្សីកែវ លោកស្រី លី រ៉ូហ្សាមី និយាយ​ថា អគ្គិភ័យ​បាន​ចាប់​ផ្តើម​រលត់​ទៅ​វិញ​នៅ​ម៉ោង​មួយ​រសៀល ហើយ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ប្រហែល​បណ្តាល​មក​ពី​ការ​ផ្ទុះ​ហ្គាស ឬ​ការ​ទុស្សេ​ចរន្ត​អគ្គិសនី។

លោកស្រី លី រ៉ូហ្សាមី មាន​ប្រសាសន៍​ឲ្យ​ដឹង​ដូច្នេះ ៖ «អ្នក​រង​គ្រោះ​ដូច​​ជា​ចេញ​អស់ អត់​មាន​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​ទេ ប៉ុន្តែ​នាំ​គ្នា​ជម្លៀស។ អ្នក​ខ្លះ​ដែល​មាន​ទូក​ហ្នឹង គាត់​រើ​អីវ៉ាន់​ដាក់​ទូក​ចេញ​ទៅ​ត្រើយ​ម្ខាង ខាង​ព្រែក​តាសេក ហើយ​ក៏​មាន​អ្នក​ខ្លះ​ជម្លៀស​ចេញ​មក​ខាង​ណេះ​ថ្នល់ ឲ្យ​ចេញ​ផុត​ពី​កន្លែង​អណ្ដាត​ភ្លើង។ មូលហេតុ​នៃ​ដើម​ភ្លើង​ខ្ញុំ​អត់​ទាន់​ដឹង​ច្បាស់​ទេ មិន​ដឹង​មក​ពី​ផ្ទុះ​ធុង​ហ្គាស ឬ​ក៏​ទុស្សេ​ខ្សែ​ភ្លើង​ម៉េច​យើង​អត់​ទាន់​ច្បាស់ អត់​ទាន់​បាន​ស្រាវជ្រាវ​ច្បាស់​ទេ រវល់​តែ​ខិត​ខំ​រឿង​ពន្លត់ រឿង​អគ្គិភ័យ​ហ្នឹង»។
ចាប់​តាំង​ពី​ម៉ោង​ប្រមាណ​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ វិច្ឆិកា ភូមិ​ជន​ជាតិ​ចាម​ចំនួន​២ ត្រូវ​គ្រប​ដណ្តប់​ទៅ​ដោយ​ផ្សែង​ខ្មួល​ខ្មាញ់ និង​អណ្តាត​ភ្លើង​យ៉ាង​សន្ធោសន្ធៅ។ ប្រជាពលរដ្ឋ​ខំ​ប្រវេប្រវា​រត់​ចេញ​ពី​អណ្តាត​ភ្លើង​ដោយ​តក់ក្រហល់ ខ្លះ​ស្រវា​បាន​សម្ភារៈ ខ្លះ​រត់​យក​តែ​រួច​ខ្លួន។

ក្រុម​អាជ្ញាធរ​ពុំ​ទាន់​បាន​បញ្ជាក់​ពី​ចំនួន​គ្រួសារ​រង​គ្រោះ និង​ការ​ខាត​បង់​នៅ​ឡើយ​ទេ ខណៈ​ភ្លើង​កំពុង​តែ​ឆេះ។

ប៉ុន្តែ​ប្រជាពលរដ្ឋ​រង​គ្រោះ​ផ្ទាល់​បាន​ឲ្យ​ដឹង​ទាំង​ការ​ស្រែក​ទ្រហោ​យំ​ចំពោះ​មុខ​អណ្តាត​ភ្លើង​ដែល​កំពុង​ឆាប​ឆេះ​ផ្ទះ​គាត់​ថា ៖ «ម្នាក់ៗ​រាប់​ម៉ឺន(ដុល្លារ) មួយ​សម្បុក​៨​ពាន់ៗ អស់​រលីង​ប្រដាប់​ឧបករណ៍​រក​ស៊ី។ អល់ឡោះ​ជួយ​ខ្ញុំ​ផង! ជួយ​ភ្លើង​កុំ​ឲ្យ​ឆេះ​ដល់​ផ្ទះ​ខ្ញុំ។ គេ​អត់​ព្រម​បាញ់​ទឹក​ទេ។ បាញ់​ទឹក​ផ្ទះ​ខ្ញុំ​មួយ​ទៅ​លោក»។

ព័ត៌មាន​បណ្តោះ​អាសន្ន​បាន​អះអាង​ថា សាលា​សង្កាត់​ឫស្សីកែវ ប៉ុស្តិ​ប៉ូលិស និង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ត្រូវ​បាន​បំផ្លាញ។

រដ្ឋ​លេខាធិការ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ អ្នក​ឧកញ៉ា ឧស្មាន់ ហាស្សាន់ ដែល​បាន​ស្ថិត​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា តំបន់​ឆេះ​នេះ​មាន​ពីរ​ភូមិ មាន​ប្រជាជន​ច្រើន​រស់​នៅ​ប្រជ្រៀត​គ្នា​ជា​យូរ​ឆ្នាំ​មក​ហើយ ហើយ​៩០% ជា​ជនជាតិ​ចាម ធ្វើ​ឲ្យ​ឡាន​ទឹក​ចូល​មិន​ដល់ ដែល​បង្ក​ការ​ឆេះ​រាលដាល​កាន់​តែ​ខ្លាំង ប៉ុន្តែ​លោក​មិន​ដឹង​ថា មាន​ប៉ុន្មាន​គ្រួសារ​នោះ​ទេ។

លោក ឧស្មាន់ ហាស្សាន់ បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ផ្ទះ​នៅ​តំបន់​នេះ​យើង​អត់​មាន​កន្លែង​ចូល​ទៅ​ជួយ​ពន្លត់​នៅ​ពេល​អគ្គិភ័យ​ឆាប​ឆេះ​ខ្លាំង ដល់​អ៊ីចឹង​វា​ជា​ការ​លំបាក​មួយ ទោះ​បី​យើង​ប្រៀប​ធៀប​ថា ឃើញ​រថយន្ត​ជា​ច្រើន​មក​ពី​គ្រប់​ទិសទី ក៏ប៉ុន្តែ​ដោយសារ​ថា មិន​អាច​ចូល​ទៅ​ពន្លត់​នៅ​ក្នុង​បាន»។

ជាមួយ​គ្នា​នេះ​លោក​សូម​អំពាវនាវ​ឲ្យ​មាន​កិច្ច​សហការ​គ្នា​ជួយ​សង្គ្រោះ​ជា​បន្ទាន់ ដូច​ជា​សម្ភារៈ ស្បៀង​អាហារ​ជាដើម។ ក្រៅ​ពី​គ្រោះ​អគ្គិភ័យ ខណៈ​នោះ​ក៏​កើត​ចោរ​លួច​ឆ្លៀត​ឱកាស​បន្លំ​យក​សម្ភារៈ​ជន​រង​គ្រោះ​ជា​ច្រើន ៖ «ម៉ូតូ​ជន​រង​គ្រោះ​ដាក់​ចោល ចូល​ទៅ​យក​អីវ៉ាន់​ក្នុង​ផ្ទះ ចេញម​ក​វិញ​បាត់ៗ។ អម្បាញ់មិញ​ដេញ​ចាប់​ចោរ​មួយ​ដែរ​ចាប់​អត់​ទាន់»។

មក​ដល់​ពេល​នេះ អាជ្ញាធរ​ពុំ​ទាន់​មាន​របាយការណ៍​សរុប​អំពី​ការ​ខូច​ខាត​នោះ​នៅ​ឡើយ​ទេ ហើយ​គេ​ក៏​មិន​ទាន់​មាន​ផែនការ​ច្បាស់​លាស់​នៅ​ឡើយ ក្នុង​ការ​ជួយ​សង្រ្គោះ​និង​ឧបត្ថម្ភ​ដល់​ជន​រង​គ្រោះ ក្រោយ​អគ្គិភ័យ​នោះ៕

0 comments: